\គងវង់ធំ

គងវង់តូច
គងវង់តូច និងគងវង់ធំ គឺជាគងវង់ដែលមានអាយុច្រើនសតវត្សណាស់មកហើយ ហើយមានសារសំខាន់ក្នុងវង់ភ្លេងពិណពាទ្យដែលជាវង់ភ្លេងសម្រាប់ បម្រើឱ្យព្រហ្មញ្ញសាសនាកាលពីសម័យដើម ។ តាមបន្ទូលរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ក្នុងឆ្នាំ១៩៦៥ ថា «គងវង់ទាំងពីរបែបនេះខ្មែរយើងបំបែកចេញពីគងពាក់កណ្តាលវង់មាន ផ្លែសំនៀង៨និង៩ ដំបូងបំបែកចេញបានគងវង់ធំមុនគេ បន្ទាប់មកទើបបំបែកចេញជាគងវង់តូចទៀត ក្នុងចន្លោះសតវត្សទី៩ និងទី១២ រីឯគងពាក់កណ្តាលវង់ខ្មែរមានតាំងពីសម័យមុនអង្គរ» ។ ប្រភេទគងវង់នេះ មានវង្វង់ធ្វើអំពីផ្តៅដំបង៤ដើម គឺវង់ខាងក្រោម២ដើម និងវង់ខាងលើ២ដើម ។ វង់លើក្រោមភ្ជាប់គ្នាដោយជើងទៀន ធ្វើអំពីឈើជាច្រើនព័ទ្ធជុំវិញ និងមានចន្ទល់ធ្វើអំពីឫស្សីសម្រាប់ទល់ពីវង់ខាងក្នុងទៅវង់ខាងក្រៅទុកចន្លោះល្មមដែលអាចដាក់ផ្លែសំនៀងបាន ។ នៅពាក់កណ្តាលជើងទៀនទាំងនេះមានវ័ណ្ឌពីរ មួយនៅខាងក្នុង មួយនៅខាងក្រៅព័ទ្ធជុំវិញដូចរង្វង់គងដែរសម្រាប់ចងចុងខ្សែដែលដោតផ្លែសំនៀង។ នៅចុងរង្វង់គងសងខាងផ្នែកខាងលើមានខោលម្ខាងមួយធ្វើអំពីឈើ និងមានបញ្ចុះក្បាច់ផ្សេងៗសម្រាប់ជាគ្រឿងលម្អមានរាងដូចជាក្បាលនាគកំពុងបើកពពារ ។
អន្លូងមានពីរ មានមេលំធ្វើអំពីស្បែកដំរី ឬស្បែកក្របីក្រាស់ៗ ដងធ្វើអំពីឈើក្រឡឹងយ៉ាងមូលមានប្រវែងប្រហែល២០ស.ម ។ ផ្លែសំនៀងទាំង១៦ ធ្វើអំពីលោហធាតុម៉្យាងហៅថា លង្ហិន ដោយគ្មានលាយនឹងលោហធាតុដទៃទៀតឡើយ ។ នៅចំពីលើផ្លែសំនៀងនីមួយៗ មានពកខ្ពស់ឡើងចំកណ្តាលហៅថា ដោះគង ។ ដោះគង គឺជាចំណុចសម្រាប់គោះ ឬដំឱ្យមានសំនៀងលាន់ឮឡើង ។ នៅព័ទ្ធជុំវិញផ្ទៃរាបហៅថា ឆត្រ សម្រាប់ជាបំពង់ធ្វើឱ្យសំនៀងខ្ទ័រឮល្អ ។ នៅលើឆត្រមានចោះរន្ធ៤ គឺម្ខាងមានរន្ធ២ ម្ខាងទៀតមានរន្ធ២ដែរ សម្រាប់ដោតខ្សែចងព្យួរផ្លែសំនៀងទៅនឹងរង្វង់គង ។ នៅខាងក្រោមដោះនីមួយៗ មានបិទដុំប្រមរសម្រាប់រឹតរកសំនៀងត្រូវ ៕
No comments:
Post a Comment