ឃឹមតូច
ឃឹមនេះមានដំណើរសាច់បទចង្អៀតមិនដូចឃឹមធំ ឡើយ ។ ឃឹមតូចមានខ្ទង់វែងៗ២ដាក់នៅលើសន្ទះឆ្វេង១ ស្ដាំ១ ។ លើខ្ទង់វែងនីមួយៗចែកជាខ្ទង់ខ្លីៗសម្រាប់ទ្រខ្សែ ឃឹមខ្លះមាន៧ខ្ទង់ខ្លី ខ្លះមាន៨ខ្ទង់ខ្លី និងខ្លះទៀតមាន១០ខ្ទង់ខ្លី ។ ជួរខ្ទង់ខាងឆ្វេង (ក្រុមខ្សែឯក) អាចប្រើសំនៀងបានទាំងសងខាង ។ រីឯជួរខ្ទង់ខាងស្ដាំ (ក្រុមខ្សែគ) អាចប្រើសំនៀងបានតែម្ខាងទេ ។ នៅលើខ្ទង់ខ្លីនីមួយៗ ជួរខាងឆ្វេងមានខ្សែសំនៀង៣សម្រាប់សំនៀងតែ១ ។ នៅលើខ្ទង់នីមួយៗ ជួរខាងស្ដាំមានខ្សែសំនៀងតែ២សម្រាប់សំនៀងតែមួយដែរ ។ ឃឹមតូចដែលមាន៧ខ្ទង់ខ្លី ត្រូវរឹតខ្សែសំនៀងតាមប្រភេទវង់ភ្លេងនីមួយៗដូចជា ៖
- ប្រើប្រាស់ក្នុងវង់ភ្លេងល្ខោនបាសាក់ គេត្រូវរឹត តាមរនាតឯកផ្លែ១ សម្រាប់ខ្សែនៅលើខ្ទង់ទី៥ ក្នុងក្រុមសំនៀងឯកជួរកណ្ដាល (ជួរទី២) ដោយរាប់ពីខ្ទង់សំនៀងតូចទៅខ្ទង់សំនៀងធំ ។ សំនៀងនេះស្មើសំនៀងមី (Mi) របស់តន្ដ្រីសាកល ។
- បើប្រើប្រាស់ក្នុងវង់ភ្លេងមហោរីច្នៃ គេត្រូវរឹតផ្លែ២សម្រាប់ក្រុមសំនៀងឯកជួរខ្សែកណ្ដាល (ជួរទី២) ត្រង់ខ្ទង់ទី៥ដដែល ។ សម្រាប់សំនៀងនេះស្មើនឹងសំនៀងរ៉េ (Ré) របស់តន្ដ្រីសាកល ។
- ប្រើប្រាស់ក្នុងវង់ភ្លេងការសម័យទំនើប គេត្រូវរឹតផ្លែ៣ ត្រង់ខ្ទង់ទី៥ដដែល ។ សំនៀងនេះស្មើនឹងសំនៀងដូ (Do) របស់តន្ដ្រីសាកល ។
- ប្រើប្រាស់ប្រគំក្នុងវង់ភ្លេងអាយ៉ៃ គេត្រូវរឹតផ្លែ៣ ឬផ្លែ៤ ត្រង់ខ្ទង់ទី៥ដដែល ដើម្បីតម្រូវតាមកម្ពស់សំនៀងរបស់អ្នកច្រៀងស្មើនឹងសំនៀងដូ (Do) ឬស៊ី (Si) របស់តន្ដ្រីសាកល ។
ឃឹមធំ
ឃឹមធំប្រើប្រាស់បានតែក្នុងវង់ភ្លេងល្ខោន បាសាក់ និងវង់ភ្លេងមហោរីច្នៃ ។ វាមានដំណើរសាច់បទភ្លេងខុសពីឃឹមតូច គឺវាត្រូវប្រើសំនៀងផ្ដក់ៗ កាត់ពីមុខកាត់ពីក្រោយឧបករណ៍ដទៃ ធ្វើឱ្យសំនៀងធំៗរបស់ខ្លួនលេចធ្លោឡើងក្នុងចំណោមឧបករណ៍ដទៃក្នុង ពេលប្រគំរួមម្ដងៗ ។
- ក្នុងវង់ភ្លេងល្ខោនបាសាក់ ឃឹមធំត្រូវរឹតខ្សែត្រង់ខ្ទង់ទី៥ (រាប់ពីខ្ទង់សំនៀងតូចទៅខ្ទង់សំនៀងធំ) ក្នុងក្រុមសំនៀងឯកជួរកណ្ដាលស្មើនឹងសំនៀងផ្លែ៨របស់រនាតឯក និងស្មើសំនៀងមី (Mi) របស់តន្ដ្រីសាកល ។
- ប្រើក្នុងវង់ភ្លេងមហោរីច្នៃ ឃឹមធំនេះត្រូវរឹតខ្សែត្រង់ខ្ទង់ទី៥ដដែល ស្មើនឹងសំនៀងផ្លែ៩របស់រនាតឯក និងស្មើសំនៀងរ៉េ (Ré) របស់តន្ដ្រីសាកល ។
តាមប្រសាសន៍របស់ដូនតាយើងខាងតន្ដ្រីថា «ឃឹមទាំងពីរប្រភេទនេះបានហូរចូលមកដល់កម្ពុជាតាមរយៈវង់ល្ខោនទ្រើងឃ្លោក (ល្ខោនបាសាក់) ក្នុងរវាងឆ្នាំ១៩៣០ មកពីប្រទេសវៀតណាមប៉ែកខាងត្បូង គឺមកពីខេត្ដបាសាក់ ដែនដីកម្ពុជាក្រោម ជាអតីតដែនដីរបស់រាជាណាចក្រកម្ពុជា» ៕

No comments:
Post a Comment