Thursday, August 4, 2016

ចាបីុដងវែង

«ចាប៉ី» ​ជា​ពាក្យ​យារ​មក​បី​ពាក្យ​សំស្ក្រឹត​ថា «ចក្ឆប៉ី» ។ ហៅ​ឈ្មោះ​ថា ចាប៉ី​ដង​វែង មក​ពី​ចាប៉ី នេះ​មាន​ដង​វែង​ទន្ទាំ ។ ចាប៉ី​នេះ​មាន​មុខងារ​សំខាន់​៤​យ៉ាង​គឺ ៖
  1. សំខាន់​ក្នុង​វង់ភ្លេង​អារក្ស ដោយ​គេ​យក​ឧបករណ៍​នេះ​ទៅ​ប្រគំ​ចូល​ជាមួយ​ឧបករណ៍​ដទៃ​ទៀត​ក្នុង​ពេល​លៀង​ អារក្ស​ម្ដងៗ​តាំងពី​សម័យ​យូរលង់​ណាស់​មក​ហើយ ។
  2. សំខាន់​ក្នុង​វង់​ភ្លេងការ​បុរាណ​ដែល​ជា​ប្រពៃណី​របស់​ដូនតា​យើង​តាំងពី​រាប់​ពាន់ឆ្នាំ​មក​ហើយ ។
  3. សំខាន់​សម្រាប់​កំដរ​ចំរៀង​បែប​កំណាព្យ ដែល​អ្នក​ច្រៀង​ត្រេះ​ផង​ច្រៀង​ផងមាន​ប្រជាប្រិយ​បំផុត ។
  4. សំខាន់​ក្នុង​វង់ភ្លេង​មហោរី​សម័យ​ដំបូង​បង្អស់ ប៉ុន្ដែ​សម័យ​បច្ចុប្បន្ន​នេះ ចាប៉ី​ដងវែង​គ្មាន​វត្ដមាន​ក្នុង​វង់ភ្លេង​មហោរី​នេះ​ទៀតទេ ។
ចាប៉ី​ដង​វែង

ចាប៉ី​ដង​វែង​របស់​យើង​មាន​លក្ខណៈ​ដូចជា ៖
ដង​ទាំង​វែង​ចែក​ចេញ​ជា​២​ឈ្មោះ គឺ​ដង និង​ប្រពែ ។ ប្រពែ​គឺ​ចាប់ពី​ព្រលួត​ទៅ​ផ្នែក​ខាង​ចុង រីឯ​ដង គឺ​ចាប់​ពី​ព្រលួត​ទៅ​ទល់​នឹង​ប្រអប់​សំនៀង ។ ដង​ធ្វើ​អំពី​ដើម​ក្រសាំង​កាលពី​សម័យ​ដើម ប៉ុន្ដែ​បច្ចុប្បន្ន​នេះ​គេ​យក​ឈើ​ដទៃ​ទៀត​ដែល​មាន​គុណភាព​ប្រហាក់​ប្រហែល​ នឹង​ដើម​ក្រសាំង​មក​ធ្វើ ។
ព្រលួត (បង្គាន) មាន​២ ៣ ឬ​៤ ចាប៉ី ខ្លះ​មាន​ព្រលួត​២​សម្រាប់​រឹតខ្សែ​សំនៀង​២ ចាប៉ី​ខ្លះ​មាន​ព្រលួត​៤ គឺ​សម្រាប់​រឹតខ្សែ​សំនៀង​ទាំង​៤​ឱ្យ​មាន​សំនៀង​តែ​២ ដូច​ចាប៉ី​ដែល​មាន​ព្រលួត​២​ដែរ ។ ព្រលួត​ទាំង​អស់​នោះ​ធ្វើ​អំពី​ឈើ​រឹង​ដូច​ជា​ឈើ​នាងនួន ឈើ​គ្រញូង ។ល ។ មាន​ទំហំ និង​ប្រវែង​ប៉ុនៗ​គ្នា ។
ធរណី គឺជា​ខ្ទង់​ខ្ពស់​ជាង​ខ្ទង់​ដទៃ ដែល​ស្ថិត​នៅ​កៀក​នឹង​ព្រលួត​សម្រាប់​ទ្រ​ខ្សែ​សំនៀង​ឱ្យ​ផុត​ពី​ខ្ទង់​ទាំង ​ឡាយ ។ ធរណី​នេះ​ច្រើន​តែ​បញ្ចុះ​ក្បាច់ក្បូរ​លម្អ ។
ខ្ទង់​មាន​ចំនួន​១២​ដែល​តូច​ធំ ទាប​ខ្ពស់ ជាង​គ្នា​ជា​លំដាប់​លំដោយ​មាន​ចន្លោះ​ពី​មួយ​ទៅ​មួយ​តាម​កម្រិត​សំនៀង​របស់​ ខ្លួន ។ គ្រប់​ខ្ទង់​ទាំង​អស់​មាន​ចោះ​ប្រហោង​ចំ​កណ្ដាល​សម្រាប់​ដោត​ខ្សែ​ការពារ​ ជ្រុះ​បាត់ ។ ខ្ទង់​ចាប៉ី គ្រប់​ចាប៉ី​ទាំងអស់​មិន​បិទ​ជាប់​ទៅ​នឹង​ដង​មួយ​កន្លែង​ទេ ព្រោះ​ងាយ​នឹង​រុះរើ​បិទ​ភ្លាមៗ មុន​ពេល​ប្រគំ​បាន​ជា​យ៉ាង​នេះ​មក​ពី​កាល​ណា​បន្ទះ​កំណល់​តូច​ស្ដើង ដែល​ដាក់​កល់​ខ្សែ​ត្រង់​លើ​ក្រាញ (គីង្គក់) ខិត​ចុះឡើង​ដើម្បី​រាវ​រក​សំនៀង​ត្រែងៗ ដែល​ជា​លក្ខណៈ​សំនៀង​របស់​ចាប៉ី​ដង​វែង​ធ្វើ​ឱ្យ​ខ្ទង់​ទាំងឡាយ​នោះ ត្រូវ​តែ​រុះរើ​ភ្លាមៗ ដើម្បី​រាវរក​សំនៀង​ចំ​របស់​ខ្លួន ។ គេ​ច្រើន​យក​ឈើ​រឹង ឬ​ឆ្អឹង​មក​ធ្វើ​ខ្ទង់ ជួនកាល​គេ​យក​ខ្ទង់​ឫស្សី​រឹង​មក​បិទ​បន្ដុប​ពីលើ​ខ្ទង់​ទៀត ដើម្បី​ចៀសវាង​ការ​សឹករឹល​ឆាប់​ពេក ។
ស្នូក ឬ​ប្រអប់​សំនៀង​មាន​រាង​ដូច​ ផ្លែ​ម្នាស់ ស្នូក​ខ្លះ​ទៀត​មាន​រាង​ស្ទើរ​ជ្រុង​ស្ទើរ​មូល ។ កាលពី​សម័យ​ដើម គេ​យក​ដើម​រាំង មក​ធ្វើ​ស្នូក បច្ចុប្បន្ន​នេះ​គេ​យក​ប្រភេទ​ឈើ​ដែល​មាន​គុណ​ភាព​ប្រហាក់​ប្រហែល​នឹង​ដើម​ រាំង​មក​ធ្វើ ។ សន្ទះ​ធ្វើ​អំពី​ដើម​ខ្ទុម្ព ដើម​រលួស ដើម​ពពូលថ្ម ឬ​ប្រភេទ​ឈើ​ស្រាល​ផ្សេងៗ​ទៀត ។ ក្រាញ (គីង្គក់) ធ្វើ​អំពី​ឈើ​ធ្នង់ ឬ​ឈើ​ផ្សេង​ទៀត ដែល​មាន​គុណភាព​ផ្ដល់​សំនៀង​បាន​ល្អ​ដូច​គ្នា ។
ចាប៉ី​ដង​វែង​មាន​ខ្សែ​២ ឬ​៤ ប៉ុន្ដែ​ខ្សែ​៤​មាន​សំនៀង​តែ​២​ទេ ។ ខ្សែ​ទី​១ តូច​ឈ្មោះ​ថា ខ្សែ​ឯក ខ្សែ​ទី​២​ធំ​ឈ្មោះ​ថា ខ្សែ​គ ។ ខ្សែ​ទាំង​២​នេះ​កាលពី​សម័យ​ដើម​ធ្វើ​អំពី​សរសៃ​សូត្រ​វេញ​ចូល​គ្នា ប៉ុន្ដែ​បច្ចុប្បន្ន​គេ​យក​ខ្សែ​ជ័រ​នីឡុង​មក​ប្រើ​ជំនួស​វិញ ។ ក្រចក​សម្រាប់​ត្រេះ​ធ្វើ​អំពី​បន្ទះ​ស្នែង​តូច ស្ដើង​វែង ដូច​ជា​ស្នែងគោ ឬ​ក្របី ។ល។
ចាប៉ី​ដង​វែង​មាន​លក្ខណៈ​ពិសេស​ក្នុង​ការ​ប្រើ​សំនៀង ​ត្រួត​ជាង​សំនៀង​រាយ ។ នៅ​ពេល​ប្រគំ​បទ​ណា​ក៏​ដូច​ជា​បទ​ណា​ដែរ គេ​តែង​តែ​ត្រេះ​ខ្សែ​ទាំង​២​ស្មើគ្នា ប៉ុន្ដែ​លំនាំ​សាច់​បទ គឺ​ស្ថិត​នៅ​លើ​ខ្សែ​ឯក​ដោយ​គេ​ប្រើ​ម្រាមដៃ​ចុច​ចុះ​ចុច​ឡើង​ទៅ​តាម​លំនាំ​ នៅ​លើ​ខ្សែ​នេះ រីឯ​ខ្សែ​គ គេ​ត្រេះ​បង្ហើរ​ចោល​សម្រាប់​ជួយ​បន្ទរ​សាច់​បទ​ប៉ុណ្ណោះ ។
ប្រសិនបើ​គេ​ចង់​បាន​ចាប៉ី​ដង​វែង​ឱ្យ​មាន​សំនៀង​ល្អ ឮ​ខ្លាំង គេ​ត្រូវ​ធ្វើ​វា​តាម​ពាក្យ​ស្លោក​ចាស់​បុរាណ​ថា «ស្នូក​រាំង ដង​ក្រសាំង សន្ទះ​ខ្ទុម្ព គីង្គក់​ធ្នង់ ខ្ទង់​ឆ្អឹង» ។ ការ​បង្រៀន​ចាប៉ី​ដង​វែង​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត គេ​តែងតែ​ប្រើ​ភាសា​ចាប៉ី​ថា «ត្រែង ទីង​ត្រែង ទីរី​រែង ទីង​ត្រែង ទីង​ទីង​ត្រែង ទីរី រែង ទីង​ត្រែង» ។ តាម​គំនិត​ចាស់​បុរាណ​បាន​ឱ្យ​និមិត្ដរូប​លើ​ឧបករណ៍​នេះ​ថា «ស្នូក​តំណាង​ក្បាល​នាគ ដង​តំណាង​ខ្លួន​នាគ ប្រពែ​តំណាង​កន្ទុយ​នាគ» ៕

គងវង់

ឧបករណ៍​ គង​វង់​ មាន​ពីរ គឺ​គង​វង់​តូច និង​គង​វង់​ធំ ។ គង​វង់​ទាំង​ពីរ​នេះ​ប្រើ​ប្រាស់​នៅ​ក្នុង​វង់​ភ្លេង​ពិណពាទ្យ​បច្ចុប្បន្ន ។ មាន​សណ្ឋាន​រាងរៅ​ដូច​គ្នា មាន​របៀប​​ធ្វើ​ក៏​ដូច​គ្នា មាន​ផ្លែ​សំនៀង​១៦​ផ្លែ​ដូច​គ្នា អន្លូង​សម្រាប់​គោះ​ផ្លែ​សំនៀង​ក៏​ដូច​គ្នា​ដែរ ប៉ុន្តែ​សម្គាល់​ថា ធំ ឬ​តូច​ សំដៅ​ទៅ​លើ​​រង្វង់​គង​ធំ ឬ​តូច និង​សំដៅ​ទៅ​លើ​ផ្លែ​សំនៀង​ធំ ឬ​តូច​ប៉ុណ្ណោះ ​ពិសេស​ទៅ​ទៀត​ គឺ​គង​វង់​តូច​មាន​ដំណើរ​សាច់​បទ​រាយ រាបសា​ដើរ​ផ្លូវ​សាច់​បទ​ធំៗ រី​ឯ​គង​វង់​ធំ​មាន​ដំណើរ​សាច់​បទ​ឃ្លេង​ឃ្លោង​ របៀប​បញ្ជើច ផ្តក់​ពី​មុខ​ពី​ក្រោយ ឬ​ប្រើ​សំនៀង​ត្រួត ធ្វើ​យ៉ាង​ណា​ឱ្យ​សំនៀង​របស់​ខ្លួន​លេច​ធ្លោ​ឡើង​ត្រង់​ចន្លោះ​គេ​ឯង ។
​គង​វង់​ធំ\
                                       គងវង់ធំ
គងវង់តូច
                                      គងវង់តូច
គង​វង់​តូច និង​គង​វង់​ធំ គឺ​ជា​គង​វង់​ដែល​មាន​អាយុ​ច្រើន​សតវត្ស​ណាស់​មក​ហើយ ហើយ​មាន​សារ​សំខាន់​ក្នុង​វង់​ភ្លេង​ពិណពាទ្យ​ដែល​ជា​វង់​ភ្លេង​សម្រាប់​ បម្រើ​ឱ្យ​ព្រហ្ម​ញ្ញ​សាសនា​កាលពី​សម័យ​ដើម ។ តាម​បន្ទូល​របស់​សម្តេច​​ព្រះ​សង្ឃ​រាជ​​ ជួន ណាត ក្នុង​ឆ្នាំ​១៩៦៥ ថា «គង​វង់​ទាំង​ពីរ​បែប​នេះ​ខ្មែរ​យើង​បំបែក​ចេញ​ពី​គង​ពាក់​កណ្តាល​វង់​មាន​ ផ្លែ​សំនៀង​៨​និង​៩ ដំបូង​បំបែក​ចេញ​បាន​គង​វង់​ធំ​មុន​គេ បន្ទាប់​មក​ទើប​បំបែក​ចេញ​ជា​គង​វង់​​តូចទៀត ក្នុង​ចន្លោះ​សតវត្ស​ទី​៩ និង​ទី​១២ រីឯ​គង​ពាក់​កណ្តាល​វង់​ខ្មែរ​មាន​តាំង​ពី​សម័យ​មុន​អង្គរ» ។ ប្រភេទ​គង​វង់​នេះ មាន​វង្វង់​ធ្វើ​អំពី​ផ្តៅ​ដំបង​៤​ដើម គឺ​វង់​ខាង​ក្រោម​២​ដើម និង​វង់​ខាង​លើ​២​ដើម ។ វង់​លើ​ក្រោម​ភ្ជាប់​គ្នា​ដោយ​ជើង​ទៀន ធ្វើ​អំពី​ឈើ​ជា​ច្រើន​ព័ទ្ធ​ជុំវិញ និង​មាន​ចន្ទល់​ធ្វើ​អំពី​ឫស្សី​សម្រាប់​ទល់​ពី​វង់​ខាង​ក្នុង​ទៅ​វង់​ខាង​ក្រៅ​ទុក​ចន្លោះ​ល្មម​ដែល​អាច​ដាក់​​ផ្លែ​សំនៀង​បាន ។ នៅ​ពាក់​កណ្តាល​ជើង​ទៀន​ទាំង​នេះ​មាន​វ័ណ្ឌ​ពីរ​ មួយ​នៅ​ខាង​ក្នុង មួយ​នៅ​ខាងក្រៅ​ព័ទ្ធ​ជុំ​វិញ​ដូច​រង្វង់​គង​ដែរ​សម្រាប់​ចង​ចុង​ខ្សែ​ដែល​ដោត​ផ្លែ​សំនៀង។ នៅ​​ចុង​រង្វង់​គង​សង​ខាង​ផ្នែក​ខាង​លើ​មាន​ខោល​ម្ខាង​មួយ​ធ្វើ​អំពី​ឈើ​ និង​មាន​បញ្ចុះ​ក្បាច់​ផ្សេងៗ​សម្រាប់​ជា​គ្រឿង​លម្អ​មាន​រាង​ដូច​ជា​ក្បាល​នាគ​កំពុង​បើក​ពពារ ។
អន្លូង​មាន​ពីរ មាន​មេលំ​ធ្វើ​អំពី​ស្បែក​ដំរី ឬ​ស្បែក​ក្របី​ក្រាស់ៗ ដង​ធ្វើ​អំពី​ឈើ​ក្រឡឹង​យ៉ាង​មូល​មាន​ប្រវែង​ប្រហែល​២០​ស.ម ។ ផ្លែ​សំនៀង​ទាំង​១៦ ធ្វើ​អំពី​លោហធាតុ​ម៉្យាង​ហៅ​ថា លង្ហិន ដោយ​គ្មាន​លាយ​នឹង​លោហ​ធាតុ​ដទៃ​ទៀត​ឡើយ ។ នៅ​ចំ​ពី​លើ​ផ្លែ​សំនៀង​​នីមួយៗ មាន​ពក​ខ្ពស់​ឡើង​ចំ​កណ្តាល​ហៅ​ថា ដោះ​គង ។ ដោះ​គង​ គឺ​ជា​ចំណុច​សម្រាប់​គោះ ឬ​ដំ​ឱ្យ​មាន​សំនៀង​លាន់​ឮ​ឡើង ។ នៅ​ព័ទ្ធ​ជុំ​វិញ​ផ្ទៃ​រាប​ហៅ​ថា ឆត្រ​ សម្រាប់​​ជា​បំពង់​ធ្វើ​ឱ្យ​សំនៀង​ខ្ទ័រ​ឮ​ល្អ ។ នៅ​លើ​ឆត្រ​មាន​ចោះ​រន្ធ​៤ គឺ​ម្ខាង​មាន​រន្ធ​២ ម្ខាង​ទៀត​មាន​រន្ធ​២​ដែរ សម្រាប់​ដោត​ខ្សែ​ចង​ព្យួរ​ផ្លែ​សំនៀង​ទៅ​នឹង​រង្វង់​គង ។ នៅ​ខាង​ក្រោម​ដោះ​នីមួយៗ មាន​បិទ​ដុំ​ប្រមរ​សម្រាប់​រឹត​រក​សំនៀង​ត្រូវ ៕


Wednesday, August 3, 2016

រនាតឯក

ឧបករណ៍​នេះ មាន​មុខ​ងារ​សំខាន់​ក្នុង​វង់​ភ្លេង​ពិណពាទ្យ​ផង ក្នុង​វង់​ភ្លេង​មហោរី​ផង ។​ តាម​ទម្លាប់​ពី​បរម​បុរាណ​មក​បាន​កំណត់​រនាត​ឯក​​ទៅ​តាម​វង់​ភ្លេង​ គឺ​រនាត​ឯក​ណា​ដែល​ប្រើ​ប្រាស់​ក្នុង​វង់​ភ្លេង​ពិណពាទ្យ​ រនាត​ឯក​នោះ​ត្រូវ​​មាន​សំនៀង​ទាប​ជាង​រនាត​ឯក​ដែល​ប្រើ​ប្រាស់​ក្នុង​វង់​ភ្លេង​មហោរី​មួយ​សំនៀង ដោយ​យក​សំនៀង​ត្រង់​ផ្លែ​ទី​១​ជា​ចំណុច​សម្គាល់​ទាប​ខ្ពស់ ។
អ្នក​ស្រាវជ្រាវ​ពិន្ធុ​តន្ត្រីវិទ្យា​ខ្លះ​យល់​ថា ពាក្យ​ថា​ «រនាត» ​នេះ​ក្លាយ​មក​ពី​ពាក្យ​សំស្ក្រឹត Raghunâ tha-vinâ ដែល​មាន​តាំង​ពី​ដំណាក់​កាល​ដំបូង​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា ។
តាម​ប្រសាសន៍​របស់​ឃុន​អក្ខរា​ពិណពាទ្យ​ ស៊ូ​ អិន ក្រុម​ភ្លេង​ព្រះ​រាជទ្រព្យ​ជំនាន់​មុន​បាន​ប្រាប់​ត​មក​​លោក​ឧកញ៉ា​មហា​ធិបតី​ មាស ឌី​ ប្រធាន​ក្រុម​ភ្លេង​ព្រះ​រាជទ្រព្យ​ ហើយ​ ឃុន​មាស ឌី បាន​មាន​ប្រសាសន៍​ក្នុង​ឆ្នាំ​១៩៦៥​ថា «ដូន​តា​យើង​ឱ្យ​ឈ្មោះ​ឧបករណ៍​នេះ​ថា រនាត​ឯក មក​ពី​រនាត​នេះ​មាន​ទំហំ​តូច មាន​សំនៀង​ខ្ពស់​ជាង​រនាត​មួយ​ទៀត (រនាត​ធុង) ពាក្យ​រនាត​នេះ​យារ​មក​ពី​ពាក្យ​រកនាថ (នាត) ជា​ពាក្យ​សំស្ក្រឹត​ និង​​បាលី​មាន​ន័យ​ថា រក​អធិបតី រក​ម្ចាស់​ រក​ចៅ​ហ្វាយ​នាយ គេ​នាំ​គ្នា​ហៅ​រក​នាថ គឺ​សំដៅ​ទៅ​លើ​ឧបករណ៍​រនាត​នេះ​ឯង​ដែល​ជា​ឧបករណ៍​អធិបតី​លើ​គេ ជា​ម្ចាស់ ជា​ចៅហ្វាយ​លើ​ឧបករណ៍​ដទៃ ពីព្រោះ​តាម​តួ​នាទី​របស់​រនាត​ឯក គឺ​នៅ​ពេល​ប្រគំ​ម្តងៗ ឧបករណ៍​ដទៃ​ត្រូវ​តែ​រឹត​សំនៀង​តាម​រនាត​ឯក​ទាំង​អស់ យក​សំនៀង​ផ្លែ​រនាត​ជា​ធំ ជា​គោល ម៉្យាង​ទៀត​ បើ​រនាត​ឯក​មិន​ចាប់​ផ្តើម​ចេញ​បទ​មុន​ទេ ឧបករណ៍​ដទៃ​មិន​ហ៊ាន​ផ្តើម​បទ​ឡើយ បើ​រនាត​ឯក​មិន​ឱ្យ​សញ្ញា​ឈប់​ទេ ឧបករណ៍​ដទៃ​ក៏​មិន​ហ៊ាន​ឈប់​តាម​ចិត្ត​ដែរ ឧបករណ៍​ទាំង​អស់​ត្រូវ​តែ​គោរព​ស្តាប់​បញ្ជា​រនាត​ឯក​ដាច់​ខាត ។ ការ​លើក​តម្កើង​​រនាត​ឯក​ជា​អធិបតី​ក្នុង​វង់​ភ្លេង​នីមួយៗ​មាន​តាំង​ពី​បរម​បុរាណ​មក សូម្បី​តែ​អ្នក​ដែល​ត្រូវ​លេង​រនាត​ក៏​ជា​អ្នក​ដែល​ត្រូវ​ចេះ​​ច្រើន​ជាង​គេ ជា​មេ​វង់​ភ្លង​ជា​អ្នក​សម្រេច​កិច្ចការ​ធំៗ​ក្នុង​វង់ ជា​អ្នក​ដែល​ត្រូវ​គេ​គោ​រព​ធ្វើ​តាម» ។

តាម​អ្នក​ស្រាវជ្រាវ​ខ្លះ​យល់​ថា រនាត​ឯក​ធ្វើ​ត្រាប់​តាម​ទូក​ដែល​ប្រើ​ប្រាស់​ក្នុង​ទន្លេ​ដោយ​គេ​​សំអាង​ថា ស្នូក​រនាត​ដូច​ទូក​ក្នុង​ទន្លេ​សុទ្ធ​សាធ ។ អ្នក​ខ្លះ​ទៀត​យល់​ថា ធ្វើ​ត្រាប់​តាម​សត្វ​ក្ងោក​ដោយ​សំអាង​ថា ខោល​រនាត​សង​ខាង​មាន​រាង​ដូច​កន្ទុយ​ក្ងោក​ពង់ ។ ប៉ុន្តែ​តាម​ទស្សនៈ​របស់​តន្ត្រី​បុរាណ​ខ្មែរ​យល់​ថា រនាត​ឯក​របស់​ខ្មែរ​មាន​រូប​រាង​ត្រាប់​តាម​សត្វ​នាគ គឺ​ត្រង់​ជើង​ពាន​ទ្រ​ស្នូក គឺ​ជា​កន្ទុយ​នាគ​ពីរ​ដែល​រុំ​ព័ទ្ធ​គ្នា ត្រង់​ស្នូក​គឺ​ជា​តួ​នាគ​ពីរ​ដែល​ងាក​ចេញ​ពី​គ្នា​ត្រង់​ខោល​សង​ខាង​ គឺ​ជា​ក្បាល​នាគ​ពីរ​ដែល​កំពុង​តែ​បើក​ពពារ រី​ឯ​ផ្លែ​រនាត​គឺជា​ស្រកា​នាគ ។
តាម​ប្រសាសន៍​របស់​លោក​ឧកញ៉ា​មហា​ធិបតី​ មាស ឌី​ ថា «ជីតា​របស់​គាត់​និយាយ​ថា ពួក​រនាត​នេះ​យើង​មិន​ធ្វើ​ត្រាប់​តាម​គេ​ទេ គឺ​យើង​បង្កើត​ដោយ​ខ្លួន​ឯង​តាំង​ពី​បរម​បុរាណ​មក ជា​ដំបូង​ខ្មែរ​​យើង​យក​បន្ទះ​រនាប​ឫស្សី​សម្រាប់​ធ្វើ​ផ្ទះ​មក​កាត់​ខ្លីៗ​ដាក់​លើ​ភ្លៅ​ទាំង​២ ហើយ​គោះ​លេង​ជា​ធម្មតា ក្រោយ​មក​ទើប​យក​ខ្សែ​ចង​រនាប​បន្ត​គ្នា​លាត​សន្ធឹង​ពី​បង្គោល​មួយ​ទៅ​បង្គោល​មួយ​ទៀត ។ អស់​កាល​ដ៏​យូរ​លង់​មក ទើប​គេ​យក​កម្រង​រនាប​​នោះ​ទៅ​ចង​លើ​ខ្នង​រូប​នាគ​ដែល​ឆ្លាក់​អំពី​ឈើ​ លុះ​ក្រោយ​មក​ទៀត​ទើប​ខ្មែរ​យើង​ធ្វើ​ដូច​ស្នូក​សព្វ​ថ្ងៃ​នេះ គឺ​នៅ​តែ​​ជា​រូប​នាគ​ដែល ។ ខ្មែរ​ចូល​ចិត្ត​និយម​និមិត្ត​រូប​សត្វ​នាគ ពី​ព្រោះ​សត្វ​នាគ​ជា​សត្វ​ប្រកាន់​សច្ចៈ​ធម៌ ជា​សត្វ​ស្មោះ​ត្រង់ ខ្មែរ​ចង់​បញ្ជាក់​ថា ក្នុង​សង្គម​ខ្មែរ​ជា​សង្គម​មនុស្ស​ប្រកាន់​សច្ចៈ​ធម៌ ជា​សង្គម​មនុស្ស​ស្មោះ​ត្រង់​ជានិច្ច ។ ឧបករណ៍​រនាត​ឯក​នេះ​ បាន​ចូល​លេង​ជា​មួយ​ឧបករណ៍​ពិណ​តាំង​ពី​ជំនាន់​មាន​ពិណ​ចូល​មក​ស្រុក​ខ្មែរ» ។
ឧបករណ៍​រនាត​ឯក​មាន​ស្នូក​ធ្វើ​អំពី​ឈើ​ខ្នុរ ឈើ​បេង ឈើ​នាងនួន ឬ​ឈើ​ធ្នង់​ឈាម​មាន់ ។ល។​ ​មាន​ប្រវែង​ប្រហែល​១,១០​ម៉ែត្រ មាន​ផ្លែ​សំនៀង​ចំនួន​២១ ធ្វើ​​អំពី​ឫស្សី​ ឬ​ឈើ ប៉ុន្តែ​ឫស្សី​ឱ្យ​សំនៀង​ល្អ​ជាង ។ គេ​យក​ឫស្សី​ដែល​មាន​សាច់​វែងៗ ហើយ​ក្រាស់ៗ​អាច​ធ្វើ​ផ្លែ​រនាត​បាន​ទៅ​ត្រាំ​ទឹក​រយៈ​ពេល​ពី​១​ឆ្នាំ​ឡើង​ទៅ ។ គេ​ស្រង់​ឫស្សី​ទាំង​នោះ​ទៅ​ហាល​ក្នុង​ម្លប់​រយៈ​ពេល​រាប់​ឆ្នាំ​ដែរ ទើប​យក​មក​សម្រិត​សម្រាំង​ធ្វើ​ជា​​ផ្លែ​រនាត ។ ក្នុង​ពេល​ធ្វើ​បើ​ចង់​ឱ្យ​ផ្លែ​សំនៀង​ធូរ គេ​ត្រូវ​ចិត​យក​សាច់​ចំ​កណ្តាល​ចេញ ប៉ុន្តែ​បើ​ចង់​ឱ្យ​ផ្លែ​សំនៀង​តឹង​វិញ គេ​ត្រូវ​ចិត​យក​សាច់​ចុង​​សង​ខាង​ចេញ ។ នៅ​លើ​ផ្លែ​នីមួយៗ មាន​ចោះ​រន្ធ​ផ្នែក​ខាង​ចុង​សង​ខាង​សម្រាប់​ដោត​ខ្សែ​ចង​ព្យួរ​ទៅ​នឹង​ខោល​សង​ខាង​របស់​រនាត ។ នៅ​ខាង​ក្រោម​ចុង​ផ្លែ​ម្ខាងៗ មាន​បិទ​ដុំ​ប្រមរ​សម្រាប់​រឹត (ធៀប)​សំនៀង​របស់​ផ្លែ​នីមួយៗ​នោះ​តាម​កម្រិត​សំនៀង​ដែល​គេ​ត្រូវ​ការ ។ ដុំ​ប្រមរ​មាន​ប្រយោជន៍​ពីរ​យ៉ាង​ ម៉្យាង​ធ្វើ​ឱ្យ​សំនៀង​តឹង ឬ​ធូរ​តាម​ការ​បិទ​ប្រមរ​តិច​ឬ​ច្រើន​ ម៉្យាង​ទៀត​ប្រមរ​ជួយ​ឱ្យ​ផ្លែ​សំនៀង​ឮ​យោល​បាន​ល្អ​ មិន​ខ្ទិស​មិន​ខះ ។ ក្នុង​ចំណោម​ផ្លែ​សំនៀង​២១ ចែក​ចេញ​ជា​បី​ក្រុម ៖
  • ក្រុម​ទី​១ មាន​៥​ផ្លែ គឺ​ពីផ្លែ​ទី​១ ដល់​ទី​៥
  • ក្រុមទី​២ មាន​​ផ្លែ គឺ​ពី​ផ្លែ​ទី​ ដល់​ទី​១២
  • ក្រុម​ទី​៣ មាន​​ផ្លែ គឺ​ពី​ផ្លែ​១៣ ដល់​ទី​២១
  • ក្រុម​ទី១ ត្រូវ​មាន​ទទឹង​ផ្លែ​៤៤​ម.ម
  • ក្រុមទី​២ ត្រូវ​មាន​ទទឹង​ផ្លែ​៤៧​ម.ម
  • ក្រុម​ទី​៣ ត្រូវ​មាន​ទទឹង​ផ្លែ​៥០​ម.ម
កម្រង​ផ្លែ​រនាត​ណា​ដែល​មាន​ផ្លែ​ទី​១​ប្រវែង​៣១០​ម.ម ផ្លែ​ទី​២១ ត្រូវ​មាន​ប្រវែង​៤១០​ម.ម កម្រង​ផ្លែ​រនាត​នេះ​ត្រូវ​មាន​ប្រវែង​សរុប​១.០១​ម៉ែត្រ ។ កម្រង​ផ្លែ​រនាត​ណា​ដែល​មាន​ផ្លែ​ទី​១​ប្រវែង​៣០០​ម.ម ផ្លែ​ទី​២១​ត្រូវ​មាន​ប្រវែង​៤០០​ម.ម កម្រង​ផ្លែ​រនាត​នេះ​ត្រូវ​មាន​ប្រវែង​សរុប​១,០០​ម៉ែត្រ ។ កម្រង​ផ្លែ​រនាត​ណា​ដែល​មាន​ផ្លែ​ទី​១​ប្រវែង​២៩០​ម.ម ផ្លែ​ទី​២១ ត្រូវ​មាន​ប្រវែង​៣៩០​ម.ម​ កម្រង​ផ្លែ​រនាត​នេះ​ត្រូវ​មាន​ប្រវែង​០,៩៩​ម៉ែត្រ ។
អន្លូង​សម្រាប់​គោះ​ផ្លែ​សំនៀង​មាន​ដង​ធ្វើ​អំពី​ឫស្សី​ ឬ​ឈើ​ប៉ុន​ចង្កឹះ មាន​ប្រវែង​ប្រហែល​០,៣៥​ម៉ែត្រ នៅ​ខាង​ចុង​ត្រង់​ត្រមោង​សម្រាប់​គោះ​ហៅ​ថា មេលំ ។ មេលំ​រនាត​ឯក​មាន​ពីរ​យ៉ាង​គឺ​មេលំ​រឹង និង​មេលំ​ទន់ ។ មេលំ​រឹង​ធ្វើ​ដោយ​ការរុំ​សំពត់ និង​ខ្មុក​ម្រ័ក្សណ៍ ឬ​ម៉្យាង​ទៀត​ធ្វើ​ដោយ​ស្បែក​យ៉ាង​ក្រាស់​ហៅ​ថា អន្លូង​រឹង​ សម្រាប់​ប្រើ​តែ​រនាត​ឯក​ណា​ដែល​ប្រគំ​ក្នុង​វង់​ភ្លេង​ពិណពាទ្យ ពីព្រោះ​វង់​ភ្លេង​នេះ​ត្រូវ​ការ​ប្រើ​សំនៀង​ខ្លាំងៗ ។ រីឯ​មេលំ​ទន់​ធ្វើ​អំពី​ការ​រុំ​សំពត់​យ៉ាង​ណែន​ស្រាក់​នឹង​អំបោះ​យ៉ាង​តឹង ​ដែល​មាន​សភាព​ទន់​ជាង​ហៅ​ថា អន្លូង​ទន់​ ប្រើ​ចំពោះ​តែ​រនាត​ណា​ដែល​ប្រគំ​ក្នុង​វង់​ភ្លេង​មហារី​ ពីព្រោះ​វង់​ភ្លេង​នេះ​ត្រូវ​ការ​ប្រើ​សំនៀង​ស្រាល​តិចៗ ឮ​រហឹមៗ ។ រនាត​ឯក​ជា​ឧបករណ៍​មួយ​ដែល​ប្រើ​សំនៀង​គូៗ ក្នុង​ពេល​ប្រគំ​ម្តងៗ ។ អន្លូង​ទាំង​ពីរ​ត្រូវ​គោះ​ស្មើៗ​គ្នា​ទៅ​លើ​ផ្លែ​សំនៀង​គូៗ​ទាំង​នោះ ។ រនាត​ឯក​មាន​ដំណើរ​សាច់​បទ​រាយ​រាបសា​ជាង​ឧបករណ៍​ដទៃ ។ ក្នុង​ពេល​ប្រគំ​ម្តងៗ​រនាត​ឯក​ត្រូវ​ផ្តើម​ចេញ​បទ​មុន​គេ ហើយ​នឹង​ត្រូវ​ឱ្យ​សញ្ញា​ឈប់​ដល់​ឧបករណ៍​ដទៃ​ទៀត ៕


ឃឹម

«ឃឹម» ​ជា​ឧបករណ៍​មាន​ខ្សែ​សំនៀង​ច្រើន និង​កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំងក្លា​បំផុត​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ កម្ពុជា ។ ឧបករណ៍​នេះ​មាន​២​ប្រភេទ​គឺ​ ឃឹម​តូច និង​ឃឹម​ធំ ។ ឧបករណ៍​ទាំង​ពីរ​ប្រភេទ​នេះ​មាន​មុខ​ងារ​សំខាន់​ក្នុង​វង់​ភ្លេង​ល្ខោន​ បាសាក់​ ក្នុង​វង់ភ្លេង​មហោរី​ច្នៃ ។ លើស​ពី​នេះ​ទៅ​ទៀត ឃឹម​តូច ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​វង់​ភ្លេងការ​សម័យ​ទំនើប វង់ភ្លេង​អាយ៉ៃ និង​វង់ភ្លេង​ប្រជាប្រិយ​ខ្លះ​ទៀត ។ ឃឹម​ទាំង​ពីរ​នេះ​មាន​រាង​ទ្រវែង​ដូច​ស្លាប​សត្វ​មេអំបៅ មាន​ជញ្ជាំង ស្នូក បាត​ស្នូក និង​សន្ទះ​ស្នូក ហៅ​ថា តួ​ស្នូក ឬ ប្រអប់​សំនៀង និង​ធ្វើ​អំពី​ឈើ​ស្រាល ដូចជា ឈើ​ស្ពង់ ឈើ​ផ្ដៀក និង​ឈើ​រលួស​សម្រាប់​ធ្វើ​ជា​សន្ទះ ។ មាន​ខ្ទង់​វែងៗ​២​ដាក់​លើ​សន្ទះ​សម្រាប់​ទ្រ​ខ្សែ​សំនៀង​ដែល​ធ្វើ​អំពី​ ប្រភេទ​ឈើ​រឹង ជួនកាល​មាន​បិទ​ឆ្អឹង​បន្ដុប​លើ​ថែម​ទៀត​ផង ។ អន្លូង​សម្រាប់​គោះ​ខ្សែ​មាន​២​ធ្វើ​អំពី​បន្ទះ​ឫស្សី​ស្ដើង ទន់​អាច​រលាស់​បាន ប៉ុន្ដែ​ទុក​ត្រមោង​នៅ​ខាង​គោះ​ខ្សែ ជួនកាល​ត្រង់​ត្រមោង​នោះ មាន​រុំ​កំណាត់​បន្ថែម​ទៀត​ដើម្បី​ឱ្យ​សំឡេង​ឮ​ងំ ។ គេ​កាន់​អន្លូង​នៅ​ចុង​ម្រាមដៃ​ម្ខាង​មួយៗ ងាយ​នឹង​រលាស់​បាន​ល្អ​ជាង​កាន់​ក្ដាប់​ជាប់​នឹង​បាតដៃ ។ នៅ​ពេល​វាយ​ឃឹម​ម្ដងៗ គេ​ត្រូវ​ប្រើ​អន្លូង​ទាំង​ពីរ​ស្មើ​ភាព​គ្នា មិន​មាន​អន្លូង​នៅ​ដៃ​ណា​ប្រើ​ច្រើនជាង​ដៃ​ណា​ឡើយ ។ ឃឹម​ទាំង​ពីរ​បែប​នេះ​យក​ខ្សែ​លោហធាតុ​ធ្វើ​ជា​ខ្សែ​សំនៀង ។ ចំពោះ​ការ​រឹត​ខ្សែ​សំនៀង​ឃឹម​ទាំង​ពីរ​នេះ តែង​តែ​យក​សំនៀង​ផ្លែ​រនាតឯក​ជា​សំនៀង​កំណត់ ឬ​ឧបករណ៍​ណាមួយ​ផ្សេង​ទៀត​ដែល​បាន​រឹត​ចម្លង​ពី​សំនៀង​រនាតឯក ។ ការ​រឹតសំនៀង​នេះ​គេ​ហៅ​ថា «រឹត​ផ្លែ​១ ផ្លែ​២ ផ្លែ​៣ ផ្លែ​៤ ។ល។» ។




ឃឹម​តូច

ឃឹម​នេះ​មាន​ដំណើរ​សាច់​បទ​ចង្អៀត​មិន​ដូច​ឃឹម​ធំ​ ឡើយ ។ ឃឹម​តូច​មាន​ខ្ទង់​វែងៗ​២​ដាក់​នៅ​លើ​សន្ទះ​ឆ្វេង​១ ស្ដាំ​១ ។ លើ​ខ្ទង់​វែង​នីមួយៗ​ចែក​ជា​ខ្ទង់​ខ្លីៗ​សម្រាប់​ទ្រ​ខ្សែ ឃឹម​ខ្លះ​មាន​៧​ខ្ទង់​ខ្លី ខ្លះ​មាន​៨​ខ្ទង់​ខ្លី និង​ខ្លះ​ទៀត​មាន​១០​ខ្ទង់​ខ្លី ។ ជួរ​ខ្ទង់​ខាងឆ្វេង (ក្រុម​ខ្សែ​ឯក) អាច​ប្រើ​សំនៀង​បាន​ទាំង​សង​ខាង ។ រីឯ​ជួរ​ខ្ទង់​ខាងស្ដាំ (ក្រុម​ខ្សែ​គ) អាច​ប្រើ​សំនៀង​បាន​តែ​ម្ខាង​ទេ ។ នៅ​លើ​ខ្ទង់​ខ្លី​នីមួយ​ៗ ជួរ​ខាងឆ្វេង​មាន​ខ្សែ​សំនៀង​៣​សម្រាប់​សំនៀង​តែ​១ ។ នៅ​លើ​ខ្ទង់​នីមួយ​ៗ ជួរ​ខាងស្ដាំ​មាន​ខ្សែ​សំនៀង​​តែ​២​សម្រាប់​សំនៀង​តែ​មួយ​ដែរ ។ ឃឹម​តូច​ដែល​មាន​៧​ខ្ទង់​ខ្លី ត្រូវ​រឹត​ខ្សែ​សំនៀង​តាម​ប្រភេទ​វង់ភ្លេង​នីមួយៗ​ដូច​ជា ៖
  1. ប្រើប្រាស់​ក្នុង​វង់ភ្លេង​ល្ខោន​បាសាក់ គេត្រូវ​រឹត​ តាម​រនាតឯក​ផ្លែ​១ សម្រាប់​ខ្សែ​នៅ​លើ​ខ្ទង់​ទី​៥ ក្នុង​ក្រុម​សំនៀង​ឯក​ជួរ​កណ្ដាល (ជួរ​ទី​២) ដោយ​រាប់​ពី​ខ្ទង់​សំនៀង​តូច​ទៅ​ខ្ទង់​សំនៀង​ធំ ។ សំនៀង​នេះ​ស្មើ​សំនៀង​មី (Mi) របស់​តន្ដ្រី​សាកល ។
  2. បើ​ប្រើប្រាស់​ក្នុង​វង់ភ្លេង​មហោរី​ច្នៃ គេ​ត្រូវ​រឹត​ផ្លែ​២​សម្រាប់​ក្រុម​សំនៀង​ឯក​ជួរ​ខ្សែ​កណ្ដាល (ជួរ​ទី​២) ត្រង់​ខ្ទង់​ទី​៥​ដដែល ។ សម្រាប់​សំនៀង​នេះ​ស្មើ​នឹង​សំនៀង​រ៉េ (Ré) របស់​តន្ដ្រី​សាកល ។
  3. ប្រើប្រាស់​ក្នុង​វង់​ភ្លេងការ​សម័យ​ទំនើប គេ​ត្រូវ​រឹត​ផ្លែ​៣ ត្រង់​ខ្ទង់​ទី​៥​ដដែល ។ សំនៀង​នេះ​ស្មើ​នឹង​សំនៀង​ដូ (Do) របស់​តន្ដ្រី​សាកល ។
  4. ប្រើប្រាស់​ប្រគំ​ក្នុង​វង់ភ្លេង​អាយ៉ៃ គេ​ត្រូវ​រឹត​ផ្លែ​៣ ឬ​ផ្លែ​៤ ត្រង់​ខ្ទង់​ទី​៥​ដដែល ដើម្បី​តម្រូវ​តាម​កម្ពស់​សំនៀង​របស់​អ្នក​ច្រៀង​ស្មើ​នឹង​សំនៀង​ដូ (Do) ឬ​ស៊ី (Si) របស់​តន្ដ្រី​សាកល ។

ឃឹម​ធំ

ឃឹម​ធំ​ប្រើប្រាស់​បាន​តែ​ក្នុង​វង់ភ្លេង​ល្ខោន​ បាសាក់ និង​វង់ភ្លេង​មហោរី​ច្នៃ ។ វា​មាន​ដំណើរ​សាច់​បទ​ភ្លេង​ខុស​ពី​ឃឹម​តូច គឺ​វា​ត្រូវ​ប្រើ​សំនៀង​ផ្ដក់ៗ កាត់​ពីមុខ​កាត់​ពី​ក្រោយ​​ឧបករណ៍​ដទៃ ធ្វើ​ឱ្យ​សំនៀង​ធំៗ​របស់​ខ្លួន​លេច​ធ្លោ​ឡើង​ក្នុង​ចំណោម​ឧបករណ៍​ដទៃ​ក្នុង​ ពេល​ប្រគំ​រួម​ម្ដងៗ ។
  1. ក្នុង​វង់ភ្លេង​ល្ខោន​បាសាក់ ឃឹម​ធំ​ត្រូវ​រឹត​ខ្សែ​ត្រង់​ខ្ទង់​ទី​៥ (រាប់​ពី​ខ្ទង់​សំនៀង​តូច​ទៅ​ខ្ទង់​សំនៀង​ធំ) ក្នុង​ក្រុម​សំនៀង​ឯក​ជួរ​កណ្ដាល​ស្មើនឹង​សំនៀង​ផ្លែ​៨​របស់​រនាតឯក និង​ស្មើ​សំនៀង​មី (Mi) របស់​តន្ដ្រី​សាកល ។
  2. ប្រើ​ក្នុង​វង់ភ្លេង​មហោរី​ច្នៃ ឃឹម​ធំ​នេះ​ត្រូវ​រឹតខ្សែ​ត្រង់​ខ្ទង់​ទី​៥​ដដែល ស្មើនឹង​សំនៀង​ផ្លែ​៩​របស់​រនាតឯក និង​ស្មើ​សំនៀង​រ៉េ (Ré) របស់​តន្ដ្រី​សាកល ។
តាម​ប្រសាសន៍​របស់​ដូនតា​យើង​ខាង​តន្ដ្រី​ថា «ឃឹម​ទាំង​ពីរ​ប្រភេទ​នេះ​បាន​ហូរ​ចូល​មក​ដល់​កម្ពុជា​តាម​រយៈ​វង់​ល្ខោន​ទ្រើងឃ្លោក (ល្ខោន​បាសាក់) ក្នុង​រវាង​ឆ្នាំ​១៩៣០ មក​ពី​ប្រទេស​វៀតណាម​ប៉ែក​ខាងត្បូង គឺ​មក​ពី​ខេត្ដ​បាសាក់​ ដែនដី​កម្ពុជា​ក្រោម ជា​អតីត​ដែនដី​របស់​រាជាណាចក្រ​កម្ពុជា» ៕


តាខេ

ឧបករណ៍​ភ្លេង​ខ្មែរ  តាខេ​ ជា​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ(ឧបករណ៍​កេះ​ខ្សែ) មាន​ខ្សែ​បី ហើយ​មាន​សណ្ឋាន​ខ្ទង់​ដូច​ខ្នង​ក្រពើ។ ឧបករណ៍​នេះ​មាន​រាង​ប្រហាក់​ប្រហែល​ឧបរណ៍​បរទេស​ដែល​មាន​ឈ្មោះ​ថា Zither (​ច្រើន​ឃើញ​មាន​ប្រើ​នៅ​ក្នុង​វប្បធម៌​នៃ​ប្រទេស​មួយ​ចំនួន​ដូច​ជា ស្លូវើនៀ អូទ្រីស ហុង​គ្រី ក្រូអាត(ភាគ​ពាយព្យ) អាលឺម៉ង់(ខាង​ត្បូង) អឺរ៉ុប(តំបន់​ភ្នំ) និង​អាស៊ី​ខាង​កើត​រាប់​បញ្ជូល​ទាំង​ប្រទេស​ចិន​ផង​ដែរ)[១]។ នៅ​ប្រទេស​ជិត​ខាង​យើង​ក៍​មាន​ឧបករណ៍​នេះ​ដែរ ដូច​ជា​ប្រទេស​ថៃ​ គេ​ហៅ​ថា «ចរខេ៍» ឬ​ «តៈខេរ៍» ដែល​មាន​ន័យ​ថា «ក្រពើ» រី​ឯ​នៅ​ប្រទេស​ភូមាវិញគេ​ហៅ​ថា mi gyaung ។ ចំពោះ​ជន​ជាតិ​មន ដែល​រស់​នៅ​ប្រទេស​ភូមា​វិញ ក៍​ឃើញ​មាន​ប្រើ​ឧបករណ៍​នេះ​ដែរ ដោយ​រចនា​ជា​រូប​ក្រពើ​តែ​ម្ដង។ ជន​ជាតិ​មន​ហៅ​ឧបករណ៍​នោះ​ថា «ក្យាម» (Kyam) ។​

រូប​​រាង​របស់​ឧបករណ៍


គេ​ហៅ​ឧបករណ៍​នេះ​ថា​ក្រពើ​ដោយ​សំដៅ​លើ​សណ្ឋាន​ខ្ទង់​របស់​វា។ តា​ខេ ឬ​ក្រពើ គឺ​ជា​ឧបករណ៍​ភ្លេង​ខ្មែរ​បុរាណ​ដែល​មាន​កំណើត​យូរលង់​ណាស់​មក​ហើយ។ តាខេ​មាន​ជើង​ទប់​ពី​បី​ ទៅ​ប្រាំ​។ នៅ​ពេល​ប្រគុំ អ្នក​លេង​អង្គុយ​ជិត​ឧបករណ៍​ ដោយ​ប្រើ​ដៃ​ឆ្វេងកេះ​ខ្សែ​ចុះ​ឡើង ដៃ​ស្ដាំ​ឆ្កឹះ​ខ្សែ​ខ្ទង់​ដោយ​ប្រើ​ក្រចក​កេះ។
ឧបករណ៍​នេះ​មាន​មុខងារ​សំខាន់​ក្នុង​វង់ភ្លេង​មហោរី វង់ភ្លេង​អាយ៉ៃ វង់​ភ្លេងការ​សម័យ​ទំនើប និង​ប្រគំ​ម្នាក់ឯង ជួនកាល​ចម្រៀង​ដេញ​បែប​ចាប៉ី​ដង​វែង​ក៏​មាន ។ នៅ​ក្នុង​វង់ភ្លេង​មហោរី គេ​ច្រើន​តែ​យក​តាខេ​ណា​ធំ​ៗ មាន​សំនៀង​ក្រាង​ក្រអៅ​ធ្ងន់​មក​ចូលរួម​ប្រគំ ប៉ុន្ដែ​នៅ​ក្នុង​វង់ភ្លេង​អាយ៉ៃ និង​វង់​ភ្លេងការ​សម័យ​ទំនើប​វិញ គេ​ច្រើន​តែ​យក​តាខេ​តូច​ជាង​បន្ដិច​មាន​សំនៀង​ចចាត​ស្រាល​មក​ប្រគំ ។ តាខេ​មាន​ដំណើរ​សាច់​បទ​ចិញ្ច្រាំ​ញាប់​ធ្វើ​ឱ្យ​សំនៀង​ចង្អៀត​ជាង​ឧបករណ៍​ដទៃ

ការ​ផលិត​ឧបករណ៍


សព្វថ្ងៃ​តាខេ​នៅ​កម្ពុជា​យើង​ធ្វើ​អំពី​ឈើខ្នុរ ដែល​ជា​ប្រភេទ​ឈើ​ឱ្យ​សំនៀង​ល្អ​ជាង​ឈើ​ដទៃ ។ ដូនតា​យើង​បាន​បែង​ចែក​តាខេ​ទាំងមូល​ជា​៣​ផ្នែក​គឺ​ ក្បាល ដងខ្លួន និង​ពោះ ។ នៅ​ត្រង់​ក្បាល​មាន​ព្រលួត​៣ ច្រើន​ធ្វើ​អំពី​ឈើ​រឹងៗ មាន​កំប៉ក់​អាចម៍​ឆ្កែ​១ (ពក​នៅ​លើ​ច្រមុះ​ក្រពើ បុរាណ​ហៅ​ថា កំប៉ក់​អាចម៍​ឆ្កែ) បន្ដុប​ពី​លើ​សម្រាប់​លម្អ ។ មាន​ធរណី (ប្រកៀន) ដាក់​បន្ទាប់​ពី​ព្រលួត គឺជា​ខ្ទង់​ដែល​ខ្ពស់​ជាង​គេ​សម្រាប់​ទ្រ​ខ្សែ​ឱ្យ​ផុត​ពី​ខ្ទង់​ដទៃ ។ នៅ​ក្រោម​ក្បាល​មាន​ជើង​មួយ​សម្រាប់​ទ្រ ។ នៅ​លើ​ខ្លួន​ មាន​ខ្ទង់​១២ ធ្វើ​អំពី​ឈើ​រឹង ឬ​ឆ្អឹង​ដំរី ។ នៅ​លើ​ខ្ទង់​នីមួយៗ​មាន​បិទ​ឆ្អឹង ឬ​ខ្នង​ឫស្សី​រឹង​បន្ដុប​ពីលើ​សម្រាប់​ការពារ​ភាព​សឹករឹល​នៃ​ខ្ទង់ ។ ខ្ទង់​ទាំង​១២​នេះ​រាយ​ចន្លោះ​ពី​មួយ​ទៅ​មួយ​តាម​កម្រិត​សំនៀង​របស់​ ខ្លួន ។ នៅ​លើ​ពោះ​មាន​ប្រអប់​មួយ​ធ្វើ​អំពី​ឈើ ឬ​ស្ពាន់​មាន​ឈ្មោះ​ហៅ​ថា ក្រាញ (គីង្គក់) នៅ​លើ​ក្រាញ​មាន​បន្ទះ​ឫស្សី​តូច​ស្ដើង​សម្រាប់​កល់​ខ្សែ​សំនៀង​ឱ្យ​មាន​ សំនៀង​ក្រាងៗ ដែល​ជា​លក្ខណៈ​សំនៀង​របស់​តាខេ ។ នៅ​ខាងក្រោម​ពោះ​មាន​ជើង​៤ ឬ​២​សម្រាប់​ទ្រ​តួ​តាខេ ។ ខ្សែ​សំនៀង​មាន​៣ ៖
  1. ខ្សែ​ទី​១ ហៅ​ថា ខ្សែ​ឯក មាន​សំនៀង​តូច​ជាងគេ ពី​ដើម​គេ​ប្រើ​សរសៃ​សូត្រ​វេញ​ចូល​គ្នា បច្ចុប្បន្ន​គេ​ប្រើ​ជ័រ​នីឡុង​ជំនួស​វិញ ។
  2. ខ្សែ​ទី​២ ហៅ​ថា ខ្សែ​គ មាន​សំនៀង​គ្រលរ ធ្វើ​អំពី​សរសៃ​សូត្រ​ដែរ ប៉ុន្ដែ​ឥឡូវ​គេ​ប្រើ​ខ្សែ​នីឡុង​វិញ ។
  3. ខ្សែ​ទី​៣ ហៅ​ថា ខ្សែ​បន្ទរ មាន​សំនៀង​ធំ ធ្វើ​អំពី​ខ្សែ​លោហធាតុ​ប្រើ​សម្រាប់​តែ​បន្ទរ ។
ក្រចក​កេះ​ខ្សែ​សំនៀង មាន​រាង​មូល​ទ្រ វែង​ជម​ផ្នែក​ខាង​កេះ ក្រចក​នេះ​ធ្វើ​អំពី​ឈើ​រឹង ឬ​ភ្លុក​ដំរី មាន​ដោត​ខ្សែ​ចំ​កណ្ដាល​សម្រាប់​ទុក​រុំ​ភ្ជាប់​នឹង​ចង្អុលដៃ​កេះ ។ ក្នុង​ពេល​ប្រគំ​បទ​ភ្លេង​ម្ដងៗ គេ​ប្រើ​ប្រាស់​ខ្សែ​ឯក​ច្រើន​ជាងគេ​សម្រាប់​រាយ​សាច់​បទ ឯ​ខ្សែ​គ និង​ខ្សែ​បន្ទរ​ពុំ​សូវ​ប្រើ​ឡើយ ។ តន្ដ្រីករ​តាខេ​គ្រប់​រូប​ប្រើ​ម្រាមដៃ​តែ​៣​សម្រាប់​ចុច​ខ្សែ​សំនៀង ចំណែក​ឯ​មេដៃ និង​កូនដៃ​គេ​ច្រើន​តែ​ទុក​នៅ​ទំនេរ